(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជំនាន់ទី៤ និង “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ជំនាន់ទី១៧ ដែលមានសិក្ខាកាមជ័យលាភីចំនួន ៦៦នាក់ (ស្រី២៦នាក់)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ទាំងពីរនេះ និងបានណែនាំឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តក្នុងការងារជាក់ស្ដែងសំដៅលើកកម្ពស់ប្រសិទ្ធភាពវិស័យពាណិជ្ជកម្ម នៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់សិក្ខាកាមទាំងអស់នាពេលនេះ គឺបានបង្ហាញនូវសក្ខីភាពថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានបណ្តុះបណ្តាលជូនវិស័យឯកជនចំនួន ១៨ជំនាន់ ជាលទ្ធផលមានសិក្ខាកាមប្រឡងជាប់ចំនួន ៨០១នាក់ ក្នុងនោះស្រ្តី ២៩១នាក់ និង សម្រាប់មន្រ្តីរាជការចំនួន ៤ជំនាន់ សិក្ខាកាមប្រឡងជាប់ចំនួន ១៧២នាក់ ក្នុងនោះស្រ្តី ៦៥នាក់។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញបានផ្តោតលើវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី និងនីតិវិធីនៃការនាំចេញ ជាពិសេសនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕



















Views Today : 2
Views This Month : 672
Views This Year : 10187
Total views : 52780