(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ”ច្បាប់ពាណិជ្ជកម្មអន្តរជាតិ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ជាមួយនាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់ នៃក្រសួងពាណិជ្ជកម្ម ដោយមានសិក្ខាកាមចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងគ្រូបង្គោល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ សម្រាប់ធ្វើការបណ្តុះ បណ្តាលបន្តជូនសហការីខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យកម្ពុជាមានកាតព្វកិច្ច ចំនួន ២ សំខាន់ៗ ដូចជា៖
– ទី១. កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចតាមការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការអនុម័តច្បាប់ និងបទប្បញ្ញត្តិចំនួន ៤៨ ដើម្បីធានាអនុលោមភាពជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ ជាលទ្ធផលគិតមកទល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានច្បាប់ និងបទប្បញ្ញតិចំនួន ៤២ និងនៅសល់ច្បាប់ចំនួន ៦ ទៀត ដែលកំពុងរៀបចំគឺ៖ ក) ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ខ) ច្បាប់ស្តីពីគំនូសព្រាងនៃសៀគ្វីបំព្រួញ គ) ច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនបើកចំហ ឃ) ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ង) ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និង ច) ច្បាប់ស្តីពីភ្នាក់ងារពាណិជ្ជកម្ម។
– ទី២. កម្ពុជាមានកាតព្វកិច្ចផ្ដល់ព័ត៌មានទៅអង្គការពាណិជ្ជកម្មពិភពលោក រួមមាន៖ ក) អនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ខ)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និង គ) ការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញ និងចូលរួមក្នុងការពិភាក្សា និងស្វែងយល់ ឱ្យបានស៊ីជម្រៅ ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕













Views Today : 4
Views This Month : 674
Views This Year : 10189
Total views : 52782