អំពីវិទ្យាស្ថាន
ទិសដៅយុទ្ធសាស្ត្រដឹកនាំរបស់វិទ្យាស្ថាន
វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ គឺជាវិទ្យាស្ថានតែមួយគត់ របស់ក្រសួងពាណិជ្ជកម្ម ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ ការស្រាវជ្រាវ និងទិន្នន័យពាណិជ្ជកម្ម ធុរកិច្ច ភស្តុភារ និងវិស័យផ្សេងៗទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់អាជីវកម្ម ពាណិជ្ជករ និងសេដ្ឋកិច្ចកម្ពុជា។
១. ចក្ខុវិស័យ
មជ្ឈមណ្ឌលប្រកបដោយឧត្តមភាព ដែលគាំទ្រដល់ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ដោយផ្តល់បញ្ចូលគ្នានូវការបណ្តុះបណ្តាល និងសេវាកម្មស្រាវជ្រាវដែលមានលក្ខណៈងាយស្រួល ស្របតាមរបៀបវារៈកំណែទម្រង់របស់រដ្ឋាភិបាល។
២. បេសកកម្ម
ដើម្បីពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធកម្ពុជា និងភាគីពាក់ព័ន្ធក្នុងតំបន់ ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈការបណ្តុះបណ្តាល និងស្រាវជ្រាវ។
៣. គោលបំណង
គោលបំណង ដើម្បីរួមចំណែកដល់ការរីកលូតលាស់នៃពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
៤. តម្លៃស្នូល
- សុចរិតភាព
- កម្មវិស័យភាព
- គណនេយ្យភាព
- ភាពបើកចំហ
- ភាពស្មោះត្រង់
- ភាពជាអ្នកដឹកនាំ
តួនាទី និងភារកិច្ចរបស់វិទ្យាស្ថាន
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ស្ថិតក្រោមការត្រួតពិនិត្យ និងដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានមុខងារដូចខាងក្រោម៖
- កសាងផែនការនិងរៀបចំកម្មវិធីសិក្សាលើគ្រប់មុខជំនាញពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទាំងរយៈពេលខ្លី មធ្យម និងរយៈពេលវែងសម្រាប់វិស័យឯកជន ឬសិស្ស និស្សិតទូទៅតាមកម្មវិធីសិក្សា និងតាមតម្រូវការចាំបាច់
- អនុវត្តការងារបណ្តុះបណ្តាល បំប៉នចំណេះដឹងដល់មន្រ្តីរាជការនៃស្ថាប័នអង្គភាព សាធារណៈ និង មន្រ្តី បុគ្គលិក មកពីវិស័យឯកជន ឬសិស្ស និស្សិតទូទៅ តាមកម្មវិធីសិក្សា និងតាមតម្រូវការចាំបាច់
- ធ្វើសហប្រតិបត្តិការនិងសម្របសម្រួលក្នុងការបើកវគ្គបណ្តុះបណ្តាលនានាក្រោមគម្រោងជំនួយគាំទ្រពីដៃគូអភិវឌ្ឍនានាឬពីអង្គការជាតិនិងអន្តរជាតិ
- ធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងសហគមន៍ដៃគូអភិឌ្ឍ ដើម្បីរកថវិកាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម
- គ្រប់គ្រងបណ្ណាល័យរបស់ក្រសួងពាណិជ្ជកម្ម
- ផ្តល់ប្រឹក្សាលើការធ្វើអាជីវកម្ម និងការវិនិយោគ
- សហការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ គោលការណ៍ និងនីតិវិធីពាក់ព័ន្ធជូនដល់មន្ត្រីរាជការក្រសួង ពាណិជ្ជកម្មក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន
- សិក្សាស្រាវជ្រាវចំណេះដឹង និងកម្មវិធីសិក្សាថ្មីៗលើវិស័យពាណិជ្ជកម្មនិងវិស័យក់ព័ន្ធ
- ស្វែងរកដៃគូនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការទទួលនិងប្រើប្រាស់ជំនួយបច្ចេកទេសទាក់ទងនឹងការបណ្តុះបណ្តាលពីដៃគូអភិវឌ្ឍនានា
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងវិទ្យាស្ថាន
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្មមាន៥ ការិយាល័យដូចខាងក្រោម៖
- ការិយាល័យរដ្ឋបាល និងផែនការ
- ការិយាល័យបណ្តុះបណ្តាល
- ការិយាល័យអភិវឌ្ឍន៍ភាពជាដៃគូ និងអាជីវកម្ម
- ការិយាល័យស្រាវជ្រាវ
- ការិយាល័យបណ្ណាល័យ