(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិក្វាងស៊ី (GXIBVC) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកស្រីប្រធានវិទ្យាស្ថាន TTRI លោកប្រធាននាយកដ្ឋានធនធានមនុស្ស មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម លោកជំទាវនាយិកាវិទ្យាស្ថាន GXIBVC លោកអគ្គនាយកក្រុមហ៊ុន Wuhan Central ព្រមទាំងសហការីជាច្រើនរូប។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការនេះផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការផ្តល់ឱកាសអាហារូបករណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដោយផ្តោតលើជំនាញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ពាណិជ្ជកម្មអេឡិចត្រូនិក ទីផ្សារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការអនុវត្តជាក់ស្តែងស្របតាមបរិបទកម្ពុជា។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
តាមរយៈកិច្ចព្រមព្រៀងនេះ វិទ្យាស្ថានទាំងពីរមានការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងឱ្យក្លាយជាសកម្មភាពជាក់ស្តែង និងទទួលបានសមិទ្ធផលដែលអាចវាស់វែងបាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងឈានដល់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត៕














អ្នកមើលថ្ងៃនេះ : 48
អ្នកមើលខែនេះ : 718
អ្នកមើលឆ្នាំនេះ : 10233
អ្នកមើលសរុប : 52826