ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ”
…
(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រយោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្តសៀមរាប ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្ត និងមន្រ្តីពីមន្ទីរពាណិជ្ជកម្មទាំង២៥ ខេត្តក្រុង និស្សិតតាមសាកលវិទ្យាល័យនានា ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា បច្ចុប្បន្ន ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាមានចំនួន ៨ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោតកំពង់ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប ៧- បង្កងតាកែវ និង៨- ប្រហុកសៀមរាប ដោយបានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តន៍ផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទទួលតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា កសិករផលិត ផ្ទៃដីដាំដុះម្រេច ចំនួនដើមត្នោត និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ និងបាននាំចេញទៅកាន់ បណ្តាប្រទេសនានាជាច្រើន។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងអំបិលកំពតកែប ដែលបានចុះបញ្ជីការពារនៅអន្តរជាតិ និងអំបិលកំពតកែប (កំពុងបន្តនីតិវិធីចុះបញ្ជីនៅសហភាពអឺរ៉ុប) បានទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា នៅអន្តរជាតិឱ្យមានភាពល្បីល្បាញឱ្យក្លាយជាគោលដៅទេសចរណ៍។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ស្វាយចន្ទីកំពង់ធំ” និង “ស្វាយកែវរមៀតឧត្តរមានជ័យ” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមគម្រោងភាពជាដៃគូររវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (គម្រោង គជ់ ឬ Pearl) និងគំនិតផ្តួចផ្តើមប្រទេសមួយផលិតផលអាទិភាពមួយ (OCOP) និងបាននិងកំពុងសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ក្តាមថ្មកោះកុង” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ៕













អ្នកមើលថ្ងៃនេះ : 4
អ្នកមើលខែនេះ : 674
អ្នកមើលឆ្នាំនេះ : 10189
អ្នកមើលសរុប : 52782