(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលនយោបាយពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយនឹងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដោយមានការចូលរួមពីសិក្ខាកាម មកពីគ្រប់នាយកដ្ឋានទាំងអស់នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម ទាំង ២៥ រាជធានី-ខេត្ត ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម បាន និងកំពុងយកចិត្តទុកដាក់រៀបចំ ក្នុងនោះរួមមាន៖ គោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញ ដូចជា៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ គោលនយោបាយស្វាយចន្ទីឆ្នាំ ២០២២-២០២៧ យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងក្របខ័ណ្ឌគោលនយោបាយកំពុងរៀបចំសេចក្តីព្រាង៖ ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០គោលនយោបាយស្វាយកម្ពុជា ក្របខ័ណ្ឌគោលនយោបាយម្រេចកម្ពុជា គោលនយោបាយជាតិស្តីពីសូត្រកម្ពុជា គោលនយោបាយពាណិជ្ជកម្មឌីជីថល។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា គោលនយោបាយទាំងនេះ មានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយពាណិជ្ជកម្មសំខាន់ៗ ដើម្បីជំរុញការនាំចេញ បង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុករឹងមាំ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕










Views Today : 4
Views This Month : 674
Views This Year : 10189
Total views : 52782