ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា

Share on facebook
Share on twitter
Share on email
Share on telegram

(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ដែលតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗជាច្រើន រួមមាន៖ ១. ការផ្លាស់ប្តូរព័ត៌មាននៃច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរ ឬការកែសម្រួលណាមួយក្នុងវិស័យកម្មសិទ្ធិបញ្ញា ២. ការរៀបចំ និងផ្តល់ការអប់រំ និងការបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា ៣. ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ៤. កិច្ចសហប្រតិបត្តិការផ្នែកម៉ាក ៥. ការរួមគ្នាអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យម៉ាក ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និង ៦. កិច្ចការពារ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។