ដោយយល់ឃើញពីតួនាទីនៃភាពជាសហគ្រិន នៅក្នុងដំណើរការឧស្សាហូបនីយកម្ម នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍នោះ ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន បានមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍភាពជាសហគ្រិន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក តុល្យភាពនៃការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជាការបំបែកអំណាចសេដ្ឋកិច្ច និងឈានទៅរកការផ្ដល់ឱកាសការងារដ៏ប្រសើរឡើង។ ការអភិវឌ្ឍសហគ្រិនតម្រូវឲ្យមានការចូលរួមពីភាគីនានាក្នុងការលើកកម្ពស់ផ្សព្ធផ្សាយសហគ្រាសខ្នាតតូច (micro-enterprises)។ ពួកគេដើរតួនាទីសំខាន់ក្នុងការផ្ដល់ការពិគ្រោះ ណែនាំ និងគាំទ្រ សហគ្រិន នៅតាមដំណាក់កាលនានា ចាប់តាំងពីការផ្ដើមទទួលបានគំនិតស្ដីអំពីគម្រោង ការជំរុញចិត្ត រហូតដល់ការអនុវត្តចុងក្រោយ និងជោគជ័យនៃការដឹកនាំសហគ្រាស។ ជាមួយនឹងការបង្កើនការផ្សព្ធផ្សាយ តួនាទីនៃអ្នកផ្សព្ធផ្សាយអំពីការអភិវឌ្ឍភាពជាសហគ្រិន និងសហគ្រាសខ្នាតតូចនោះ នឹងធ្វើឲ្យពួកគេកាន់តែមានភាពជំនាញប្រសើរឡើង។
ការកំណត់ និងការជ្រើសរើសមុខសញ្ញាសហគ្រិន ការលើកទឹកចិត្តពួកគេ ការកំណត់ និងការជ្រើសរើស និងដំណើរការគម្រោងក៏ដូចជាការវាយតម្លៃដោយមានលក្ខណៈជាប្រព័ន្ធត្រឹមត្រូវនោះ នឹងមានសារសំខាន់ដើម្បីធ្វើការសម្រេច ចិត្តធ្វើការវិនិយោគពីសំណាក់សហគ្រិន ក៏ដូចជាបុគ្គល និងភាគីដទៃទៀត ក្នុងការផ្ដល់ការពិគ្រោះ និងគាំទ្រ។ នេះក៏ដោយសារភាពជោគជ័យនៃគម្រោង ឬជំនួញអាចកើតមានឡើងគឺដោយសារកត្តាទាំងអស់ខាងលើនេះ។ ហេតុដូចនេះហើយ វាមានសារសំខាន់ណាស់ដើម្បីឲ្យភាគីពាក់ព័ន្ធនានាយល់ច្បាស់លាស់អំពីកត្តានានាខាងលើ ដើម្បីធ្វើឲ្យសហគ្រិន និងសហគ្រាសខ្នាតតូចនានាទទួលបានជោគជ័យ។ នៅក្នុងបរិបទនេះ ការបណ្ដុះបណ្ដាលរយៈពេលពីរសប្ដាហ៍នេះ នឹងធ្វើឡើងដើម្បីតម្រង់ទិសសិក្ខាកាមទាំងអស់ឲ្យទទួលបានចំណេះដឹង និងជំនាញនានាដើម្បីធ្វើការណែនាំ និងលើកទឹកចិត្តសម្រាប់ភាពជាសហគ្រិន និងភាពច្នៃប្រឌិត។ កម្មវិធីនេះត្រូវបានអនុវត្តឡើងដើម្បីធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។
គោលបំណង
វត្ថុបំណងនៃវគ្គបណ្ដុះបណ្ដាលស្ដីអំពីភាពជាសហគ្រិន និងភាពច្នៃប្រឌិតនេះ នឹងធ្វើឡើងចំពោះមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម ដើម្បីឲ្យពួកគេមានលទ្ធភាពណែនាំ ពិគ្រោះ និងបណ្ដាលបណ្ដាលបន្តទៅអ្នកដែលអាចនឹងក្លាយជាសហគ្រិន ដើម្បី៖
- ពង្រឹងគុណភាព និងភាពជំរុញចិត្តលើភាពជាសហគ្រិនរបស់ពួកគេ
- វិភាគបរិយាកាសទាក់ទងនឹងអេសអឹមអ៊ី
- កំណត់ និងជ្រើសរើស គម្រោង, ផលិតផល និងសេវាកម្ម
- រៀបចំគម្រោង
- ស្វែងយល់អំពីដំណើរការ និងនីតិវិធី ក្នុងការបង្កើតសហគ្រាស
- ទទួលបានការយល់ដឹង ពីប្រភព និងដំណោះស្រាយ ក្នុងការជួយ, គាំទ្រ នៅពេលមានតម្រូវការក្នុងដំណើរការសហគ្រាស
- ផ្ដល់ចំណេះដឹងពីដំណើរការនៃកំណើនសហគ្រាស និងការធ្វើពិពិធកម្ម (diversification)
- ជួយសម្រួលសិក្ខាកាមនានាឲ្យចេះវិភាគអំពីទីផ្សារ និងតម្រូវការ
- ទទួលបានជំនាញមូលដ្ឋានទាក់ទងនឹងភាពច្នៃប្រឌិត និងការគ្រប់គ្រង
- បង្កើនការយល់ដឹងអំពីតម្រូវការ និងសារសំខាន់នៃការសិក្សាអំពីភាពជាសហគ្រិន
លទ្ធផល
សិក្ខាកាម នឹងទទួលបានចំណេះដឹង និងជំនាញដើម្បីលើកទឹកចិត្ត ណែនាំ ពិគ្រោះ និងបណ្ដុះបណ្ដាលអ្នកដែលអាចនឹងក្លាយជាសហគ្រិន បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពីភាពជាសហគ្រិន និងភាពច្នៃប្រឌិត។ ពួកគេនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ ដើម្បីណែនាំ និងពិគ្រោះភាគីពាក់ព័ន្ធនានាដើម្បីផ្សព្ធផ្សាយ និងណែនាំភាពជាសហគ្រិន នៅក្នុងប្រព័ន្ធរបស់ពួកគេ។