(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឆ្លៀតក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១នៃគណកម្មាធិការចម្រុះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចប្រជុំពាក់ព័ន្ធ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផលមួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែកចាយកសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd.។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូនក្រុមហ៊ុនអំពីសក្តានុពលផលិតកម្មកសិកម្ម ក្នុងនោះរួមទាំង ផ្លែឈើស្រស់របស់កម្ពុជា និងបានជំរុញឱ្យក្រុមហ៊ុនជួយជំរុញ នាំចូលនិងចែកចាយឱ្យកាន់តែច្រើនថែមទៀតនូវកសិផលកម្ពុជាបន្ថែមពីផ្លែស្វាយ គឺដូចជា មៀនប៉ៃលិន ចេក ជាដើម។