(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមទាំងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា។
ក្នុងឱកាសនៃជំនួបខាងលើ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង KIPO ដែលបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេស ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារវាងក្រសួងពាណិជ្ជកម្ម និង KIPO ដែលគ្រោងនឹងចុះហត្ថលេខាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ក្នុងគោលបំណងលើកកម្ពស់ការបង្កើតផលិតផល និងសេវាកម្មថ្មីៗ ការច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីធានាបាននូវបរិយាកាសអាជីវកម្ម និងការវិនិយោគប្រកបដោយការប្រកួតប្រជែង និងស្មើភាព តាមរយៈការដាក់ចេញគោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ជាពិសេសគឺបង្កើតក្របខ័ណ្ឌទូទៅ និងភាពបត់បែនក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកម្មសិទ្ធិបញ្ញា។