លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាម៉េរិក

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាម៉េរិក។

ជាកិច្ចចាប់ផ្តើម លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះលោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ។