(ខេត្តកោះកុង)៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈ ការប្រើប្រាស់ច្បាប់កម្ម សិទ្ធិបញ្ញា” នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា ក្រសួងពាណិជ្ជកម្មនិងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមជាមួយ លោក អន ភារៈ អភិបាលរងខេត្តកោះកុង នឹងមានការចូលរួមពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្ត តំណាងសភាពាណិជ្ជកម្ម សាខា កាំកុងត្រូលខេត្ត ម្ចាស់សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ និងនិស្សិត សរុប ប្រមាណ៩០នាក់។
ជាកិច្ចចាប់ផ្តើម លោក អ៊ុក សារិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានថ្លែងអំណរគុណ ជូនចំពោះ វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញ ធ្វើជាគណៈអធិបតី និងជាវាគ្មិនក្នុង វគ្គបណ្តុះបណ្តាលខាងលើនេះ។ លោកប្រធានមន្ទីរ បានលើកឡើងថា វគ្គបណ្តុះ បណ្តាលខាងលើ គឺធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ សេវាករ អាជីវករ អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត អំពីនីតិវិធីក្នុង ការអភិវឌ្ឍ អាជីវកម្មឲ្យកាន់ តែរីកចម្រើន ការបង្កើតផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការយល់ដឹង ទូទៅអំពី វិស័យកម្មសិទ្ធិបញ្ញា។
ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ បានលើកឡើងថា វិស័យពាណិជ្ជកម្មក្នុង ខេត្តមានភាពរីក ចម្រើនដោយសារតែ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ជាពិសេសលោក ជំទាវអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងទាក់ទាញ វិនិយោគិនក្នុងស្រុក និងបរទេស មកធ្វើការវិនិយោគនៅក្នុងខេត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋ ទទួលបាន ការងារធ្វើចំណូលសមរម្យ និងមានការអភិវឌ្ឍក្នុងមូលដ្ឋានទៀតផង។ ឯកឧត្តម បានបន្ថែមទៀតថា វគ្គបណ្តុះ បណ្តាលថ្ងៃនេះមានសារៈសំខាន់ណាស់ក្នុង ការយល់ដឹងពីជាទូទៅទាក់ទងនឹងកម្មសិទ្ធិបញ្ញា តួយ៉ាង ការយល់ដឹងពីម៉ាក ពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ម៉ូដែលដែលមានអត្ថប្រយោជន៍ ម៉ាកសម្គាល់ភូមិសាស្រ្ត ការប្រកួតប្រជែងមិនស្មោះត្រង់ ដែលជួយជម្រុញ និងអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យមនៅក្នុងខេត្ត។
ក្នុងឱកាសថ្លែងចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនេះ លោក អន ភារៈ អភិបាល រង និងជាតំណាងលោកជំទាវអភិបាលខេត្តកោះកុង លោកបានថ្លែងពីភាពរីកចម្រើន របស់ខេត្ត ចំនួននៃរោងចក្រ ក្រុមហ៊ុន សហគ្រាសរបស់ខេត្ត និង តំបន់សក្តានុពលក្នុង ខេត្តជូនសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។ លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលខាង លើនេះ នឹង ជម្រុញឲ្យសិក្ខាកាមទាំងអស់ទទួល បាននូវពុទ្ធិថ្មីៗ និងមានគំនិត ច្នៃប្រឌិតកាន់ខ្ពស់ ដើម្បីបង្កើនគុណភាពអាជីវកម្មកាន់តែប្រសើរ តាមរយៈ ការចុះបញ្ជីម៉ាកដោយធ្វើឲ្យផលិតផលរបស់ខ្លួនមានម៉ាកច្បាស់លាស់ និងញែកដាច់ពី ផលិតផលរបស់ ក្រុមហ៊ុនសហគ្រាសផ្សេងៗ ចៀសវាងការលួចបន្លំម៉ាក និងការប្រកួត ប្រជែងមិនស្មោះត្រង់។ល។
អត្ថបទដោយៈ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ