(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំ ចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីប្រឡងបញ្ចប់សម្រាប់សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល អស់រយៈពេល ៣សប្តាហ៍កន្លងមកនេះ។
គួររំលឹកផងដែរថាវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ត្រូវបានបើកវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្មដែលមានសិក្ខាកាម ចូលរួមសរុបចំនួន ៣៥ នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនរោងចក្រ សហគ្រាស និងក្រុមហ៊ុនមេធាវីជាដើម។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម ជាគណអធិបតី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពិសេសនេះជាយន្តការនៃការបង្កើនចំណេះក្នុងការអនុវត្តច្បាប់ បទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងនីតិវិធីនៃការនាំចេញ-នាំចូល យល់ដឹងអំពីវិធានដើមកំណើតទំនិញ ការបំពេញបែបបទនាំចេញនាំចូលនិងឯកសារតម្រូវនានា ដើម្បីស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មក៍បានធ្វើប្រតិភូកម្មដោយអនុញ្ញាតឲ្យមន្ទីរពាណិជ្ចកម្មខេត្តជាប់ព្រំដែនចំនួន ១៦មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ាន និងបានធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មានសិទ្ធិអំណាចក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហៈធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ។
សូមគូសបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលខាងលើ បានចំនួន ១៣ វគ្គ រួចមកហើយ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ដោយមានសិក្ខាកាមប្រលងជាប់ជាស្ថាពរសរុបចំនួន ៥៣៨ នាក់។ វិទ្យាស្ថាននិងនាយកដ្ឋាននាំចេញនាំចូលនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពភ្នាក់ងារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម និងតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ជាបន្តបន្ទាប់ទៀតទៅតាមផែនការ។