(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ ជូនសិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៤៣ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំព្យាយាមសិក្សារ ការចុះកម្មសិក្សា និងការខិតខំប្រលងកាលពីថ្ងៃចន្ទទី ៦ ខែឧសភាឆ្នាំ ២០២៤ កន្លងទៅ រហូតទទួលបានជោគជ័យលើវគ្គបណ្ដុះបណ្ដាលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការស្នើសុំ CO ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយបែបបទ ចំណាយ និងកាត់បន្ថយពេលវេលាក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិន ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង បទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅបំពេញភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងការជំរុញការវិនិយោគ និងការនាំចេញ ជាពិសេសក្នុងវិស័យកាត់ដេរ វាយនភណ្ឌ គ្រឿងអេឡិចត្រូនិក គ្រឿងយន្ត ព្រមទាំងការជំរុញផ្នែកឯកជនក្នុងស្រុកឱ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីធានាការផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ និងសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤ ដែលមានកម្មវធីសិក្សាទ្រឹស្តីមេរៀនវិធានដើមកំណើតទំនិញ នីតិវិធីនៃការនាំចេញ ការណែនាំពីការស្នើសុំវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំនួន ១សប្តាហ៍ និងការចុះកម្មសិក្សានៅនាយកដ្ឋាននាំចេញនាំចូល១សប្តាហ៍ផងដែរ៕