កម្មវិធីចែករំលែកចំណេះដឹងស្តីពី «អំណាចនៃភាពជាអ្នកដឹកនាំ»

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី​១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាគណៈអធិបតីក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី «អំណាចនៃភាពជាអ្នកដឹកនាំ» ដែលមានវាគ្មិនកិត្តិយស លោកបណ្ឌិត John C. Maxwell ដែលជាអ្នកនិពន្ធកំពូលម្នាក់ស្តីពីភាពជាអ្នកដឹកនាំ និងការរីកចម្រើនផ្ទាល់ខ្លួន។ ក្នុងកម្មវិធីចែករំលែកនេះ ក៏មានការអញ្ជើញចូលរួមពដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចំនួន ១៤០នាក់ និងតាមប្រព័ន្ធ Zoom ប្រមាណ​១៥០ នាក់ ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមធ្វើជាគណៈអធិបតីក្នុងកម្មវិធីចែករំលែកចំណេះដឹងស្តីពី «អំណាចនៃភាពជាអ្នកដឹកនាំ» ជាមួយលោកបណ្ឌិត John​​ C. Maxwell និងបានស្រង់សម្ដីរបស់ លោកបណ្ឌិត John​​ C. Maxwell ដែលបានលើកឡើងថា ភាពជាអ្នកដឹកនាំមិនមែនជាមុខតំណែងនោះទេ តែជាអំណាចដែលមានឥទ្ធិពលលើអ្នកដទៃ និងជាដំណើរនៃការរីកចម្រើន។ ការដឹកនាំគឺជាការណែនាំអ្នកដទៃឆ្ពោះទៅរកការចែករំលែកចក្ខុវិស័យរួម ការផ្តល់សិទ្ធិអំណាចឱ្យអ្នកដទៃបញ្ចេញសក្តានុពលពេញលេញដើម្បី​​សម្រេចគោលដៅ ដោយកាត់បញ្ហាប្រឈម និងការប្តេជ្ញាចិត្ត ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា លោកបណ្ឌិត John​​ C. Maxwell បានបំផុសគំនិតបុគ្គលរាប់មិនអស់នៅជុំវិញពិភពលោកឱ្យឈានដល់សក្តានុពលពេញលេញ និងក្លាយជាអ្នកដឹកនាំដែលមានឥទ្ធិពល។ ការបង្រៀនរបស់គាត់មិនត្រឹមតែជាគោលការណ៍ទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ជាក់ស្តែងដែលអាចអនុវត្តដើម្បីផ្លាស់ប្តូរជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

សូមជម្រាបជូនថា លោកបណ្ឌិត John C. Maxwell គឺជាអ្នកនិពន្ធ សាស្រ្តាចារ្យ និងជាវាគ្មិនដ៏គួរឱ្យគោរពទូទាំងពិភពលោក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យភាពជាអ្នកដឹកនាំជាមួយនឹងការយល់ដឹងនិងការបង្រៀនរបស់គាត់។ សៀវភៅរបស់គាត់ត្រូវបានលក់ ៣១​ លានក្បាល ដែលត្រូវបកប្រែជា​៥១ភាសា ។ សៀវភៅរបស់អ្នកនិពន្ធ លោកបណ្ឌិត Maxwell លក់ដាច់បំផុតលេខ ១ នេះបើតាម New York Times៕