(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានចូលរួមពិធីប្រគល់ជូននិងដាក់តម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ជូនលោកស្រី Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក។
លោកស្រីអគ្គនាយិការង បានថ្លែងអំណរគុណកម្ពុជាផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែង និងអបអរសាទរកម្ពុជាសម្រាប់ការផ្តល់ជូននូវលិខិតុបករណ៍នៃការទទួលយកពិធីសារខាងលើនេះ។ ជាមួយនេះ លោកស្រី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់និរន្តរភាពធនធានជលផល សំដៅទទួលបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងសកម្មភាពនេសាទសមុទ្រខុសច្បាប់ ពុំមានការរាយការណ៍ និងការគ្រប់គ្រងពុំបានត្រឹមត្រូវ ជាពិសេស ដើម្បីរឹតត្បិតសកម្មភាពឧបត្ថម្ភធនជលផល និងធានាចីរភាពនៃធនធានជលផលសមុទ្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីអគ្គនាយិការងបានស្វាគមន៍កម្ពុជាហើយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដែលជលផលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងនាមកម្ពុជាជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការថែរក្សានិរន្តរភាពនៃធនធានជលផលពិភពលោក។
សូមបញ្ជាក់ផងដែរថាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចឈរលេខរៀងទី១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លេខរៀងទី៧ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចសរុបចំនួន ៣៦ និងលេខរៀងទី៧៣ នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានតម្កល់លិខិតុបករណ៍នៃការទទួលយកពិធីសារខាងលើនេះ។