(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ដឹ វ៉ាយ ផាលេស រីសត ខេត្តបន្ទាយមានជ័យ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្រ្តីកម្ពុជា និងសិស្ស-និស្សិត សរុបចំនួន ៧៥រូប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង៖
(១)-កំណត់គម្លាតរវាងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអនុក្រឹត្យលេខ ៣៨អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម និងប្រកាសលេខ ០២៣៩ ព.ណ.បល.ប្រក ស្តីពីការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត
(២)-ស្វែងយល់ពីភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលនយោបាយផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម
(៣)-កំណត់សូចនាករសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាក់ទងនឹងការអភិវឌ្ឍពាណិជ្ជកម្ម
(៤)-កសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។