កម្មវិធីវគ្គបណ្តុះបណ្តាលមានគោលដៅ កសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធនៅក្នុងចង្កោម SMEs និង តួអង្គរបស់ប្រព័ន្ធសេដ្ឋកិច្ចចម្រុះរបស់ចង្កោមសហគ្រាសនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញការផ្នែក SMEs អ្នកផ្ដល់សេវាអភិវឌ្ឍន៍អាជីវកម្ម ភ្នាក់ងារប្រតិបត្តិ និងអភិវឌ្ឍន៍បណ្ដាញចង្កោមសហគ្រាសនឹងត្រូវបានបណ្តុះបណ្តាលលើចំណុចគន្លឹះ ដូចជា ទិដ្ឋភាពទូទៅ នៃ SMEs នៅក្នុងអនុតំបន់មហាទន្លេមេគង្គ និងកម្ពុជា គោលនយោបាយ SMEs នៅកម្ពុជាក្របខ័ណ្ឌនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការប្រឈមនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន វិធីសាស្ត្រនៃការអភិវឌ្ឍចង្កោម SMEs និងខ្សែសង្វាក់តម្លៃផលិតកម្ម ការបង្កើតអន្តរក្រុមហ៊ុននាំចេញ និងការជំរុញផែនការនាំចេញ និងការបង្កើតម៉ាក យីហោ គោលនយោបាយអភិវឌ្ឍន៍ចង្កោមសហគ្រាស និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃលើការអភិវឌ្ឍចង្កោម SMEs និងអន្តរក្រុមហ៊ុននាំចេញនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឲ្យអ្នកជំនាញការផ្នែក SMEs អ្នកផ្ដល់សេវាអភិវឌ្ឍន៍ អាជីវកម្ម អ្នកសម្របសម្រួល/អ្នកគ្រប់គ្រងចង្កោមសហគ្រាស និងអ្នកប្រកបមុខរបរវិជ្ជាជីវៈនៅក្នុងវិស័យ SMEs និងការជំរុញការនាំចេញនូវចំណេះដឹង និងជំនាញចាំបាច់នានាក្នុងការអភិវឌ្ឍចង្កោម SMEs និងបើកច្រកសម្រាប់ទីផ្សារនាំចេញតាមរយៈការបង្កើតអន្តរក្រុមហ៊ុននាំចេញ។
គោលបំណង
- បង្កើននូវចំណេះដឹងអំពី SMEs និងភាពសំខាន់របស់ SMEs នៅក្នុងបរិបទប្រទេសក្នុងតំបន់មហាទន្លេមេគង្គជាពិសេសប្រទេសកម្ពុជា។
- ធ្វើឲ្យប្រសើរនូវចំណេះដឹងរបស់សិក្ខាកាមស្តីអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ការប្រឈមនិង កាលានុវត្តភាព SMEs កម្ពុជា និង SMEs ក្នុងតំបន់។
- សម្របសម្រួលឲ្យមានការបង្កើតនូវចង្កោមSMEs និងអន្តរក្រុមហ៊ុននាំចេញ នៅក្នុងបណ្តាប្រទេសអនុតំបន់មហាទន្លេមេគង្គ និងជាពិសេសប្រទេសកម្ពុជា។
- ជំរុញ និងគ្រាំទ្រដល់ចង្កោម SMEs ទៅកាន់ខ្សែសង្វាក់តម្លៃផលិតកម្ម ក្នុងតំបន់ និងសាកលលោក។
- ជំរុញឲ្យចង្កោម SMEs ចូលរួមអនុវត្តកិច្ចសហប្រតិបត្តិការ និងភ្ជាប់ជាបណ្ដាញរយៈពេលវែង ជាមួយបណ្តាប្រទេសនៅក្នុងតំបន់មហាទន្លេមេគង្គ។
លទ្ធផល
នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាលសិក្ខាកាមនឹងមានលទ្ធភាពទទួលបាននូវចំណេះដឹង និងបទពិសោធ អនុវត្តជាក់ស្តែងលើការបង្កើតចង្កោមបណ្ដុំ SMEs និងអន្តរក្រុមហ៊ុននាំចេញ។ ជាពិសេសទៅទៀត នៅចុងបញ្ចប់នៃកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមនីមួយៗ នឹងមានលទ្ធភាព៖
- យល់ដឹងកាន់ស៊ីជម្រៅ លើភាពសំខាន់របស់ SMEs នៅក្នុងអនុតំបន់មហាទន្លេមេគង្គ គោលនយោបាយ SMEs នៅកម្ពុជា ក្របខ័ណ្ឌការងាររបស់សហគមសេដ្ឋកិច្ច អាស៊ាន ឱកាស និងការប្រឈមរបស់ SMEs នៅក្នុងអនុតំបន់មហាទន្លេមេគង្គ និងជាពិសេសកម្ពុជា។
- បង្រៀនចំណេះដឹង ដែលពាក់ព័ន្ធនៅនឹង ការបង្កើតចង្កោម SMEs គោលការណ៍ នៃការបង្កើតចង្កោម SMEs និងការជំរុញដល់ការបណ្តាញការនាំចេញ។
- ធ្វើការវិភាគវិនិច្ឆ័យលើផលិតផលសំខាន់ៗ ប្រភេទសេវាពាណិជ្ជកម្ម សម្រាប់លើកកម្ពស់ SMEs និងបញ្ហាប្រឈមក្នុងទីផ្សារ ទំនោរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងកម្រិតថ្នាក់ជាតិ និងតំបន់។
- ចងក្រងផែនការអភិវឌ្ឍន៍ចង្កោម SMEs នៅកម្ពុជា
- ចងក្រងនូវយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបង្កើតឲ្យមានអន្តរក្រុមហ៊ុននាំចេញសម្រាប់ជំរុញការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក ហើយនឹងសម្របសម្រួលដល់ការធ្វើសមាហណកម្ម ចូលក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម របស់តំបន់ និងពិភពលោក។