(កំពង់ស្ពឺ)៖ នាថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអញ្ជើញធ្វើអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីមន្ទីរខេត្តពាក់ព័ន្ធ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាជីវករ និស្សិត ប្រមាណ ៨០នាក់ ក្នុងនោះ ស្រី ៣៨ នាក់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលើកកម្ពស់ការចុះបញ្ជីពាណិជ្ជកម្មទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថលនេះ ដែលជាការបង្កើតប្រព័ន្ធចុះបញ្ជីកែប្រែថ្មី ដោយតភ្ជាប់ជាមួយថ្នាល CamDX មានមុខងារសម្រាប់ចុះបញ្ជីកែប្រែចំនួន ១០មុខងារ រួមមាន៖
១)-ការស្នើសុំកែប្រែផ្លាស់ប្ដូរអាសយដ្ឋានរបស់ក្រុមហ៊ុន ឬសហគ្រាស
២)-ការស្នើសុំកែប្រែសកម្មភាពអាជីវកម្ម
៣)-ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន
៤)-ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន
៥)-មុខងារការកែប្រែនាមករណ៍ក្រុមហ៊ុនសហគ្រាស
៦)-ការកែប្រែព័ត៌មានលម្អិតអភិបាល
៧)-ការកែប្រែព័ត៌មានលម្អិតម្ចាស់សហគ្រាស
៨)-ការកែប្រែព័ត៌មានលម្អិតម្ចាស់ភាគហ៊ុន
៩)-ការកែប្រែសមាសភាពអ្នកគ្រប់គ្រងសាខា ឬការិយាល័យតំណាងក្រុមហ៊ុនបរទេស និង
១០)-ការបញ្ឈប់អាជីវកម្មជាស្ថាពរសម្រាប់ការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ដោយអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារអេប៊ីអេ អេស៊ីលីដា កាណាឌីយ៉ា និងKHQR និងការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន ១៦ ខេត្ត មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (CO Form D) ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច និងការនាំចេញកសិផល៕





