វគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល”

Share on facebook
Share on twitter
Share on email
Share on telegram

(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំ ចេញ-នាំចូល នៃក្រសួង​ពាណិជ្ជកម្ម បានរៀបចំកម្មវិធីប្រឡងបញ្ចប់​សម្រាប់សិក្ខាកាមដែលបានឆ្លងកាត់​វគ្គ​បណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល អស់​រយៈ​ពេល ៣សប្តាហ៍កន្លងមកនេះ។

គួររំលឹកផងដែរថាវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុង​ការស្នើសុំ​ឯកសារ​នាំចេញ-នាំចូល” ត្រូវបានបើកវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្មដែលមានសិក្ខាកាម ចូលរួមសរុបចំនួន ៣៥ នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនរោងចក្រ សហគ្រាស និងក្រុមហ៊ុនមេធាវីជាដើម។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយក​រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម ជាគណអធិបតី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពិសេសនេះជាយន្តការនៃការបង្កើនចំណេះក្នុងការអនុវត្តច្បាប់ បទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងនីតិវិធីនៃការនាំចេញ-នាំចូល យល់ដឹងអំពីវិធាន​ដើម​កំណើត​ទំនិញ ការបំពេញបែបបទនាំចេញនាំចូលនិងឯកសារតម្រូវនានា ដើម្បី​ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឱ្យស្រប​តាម​​កំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មក៍បានធ្វើប្រតិភូកម្មដោយអនុញ្ញាតឲ្យមន្ទីរពាណិជ្ចកម្មខេត្តជាប់ព្រំដែនចំនួន ១៦មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី ដើម្បីនាំ​ចេញ​​កសិផលទៅតំបន់អាស៊ាន និងបានធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មានសិទ្ធិអំណាច​ក្នុងការរៀបំ​ពិព័រណ៍នៅតាមខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មាន​សិទ្ធិចេញ​លិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហៈធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការ​គ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ។

សូមគូសបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និង​ស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម បានរៀប​ចំវគ្គបណ្តុះបណ្តាលខាងលើ​ បានចំនួន ១៣ វគ្គ រួចមកហើយ នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ដោយមានសិក្ខាកាមប្រលងជាប់ជាស្ថាពរសរុបចំនួន ៥៣៨ នាក់។ វិទ្យាស្ថាននិងនាយកដ្ឋាននាំចេញនាំចូលនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពភ្នាក់ងារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម និងតាមបណ្តាតំបន់​សេដ្ឋកិច្ចពិសេស​សំខាន់ៗ ជាបន្តបន្ទាប់ទៀតទៅតាមផែនការ។