ពិធីបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពីភស្តុភារពាណិជ្ជកម្ម៖ ហិរញ្ញវត្ថុពាណិជ្ជកម្ម លក្ខខណ្ឌស្តង់ដាពាណិជ្ជកម្មអន្តរជាតិ ឯកសារបញ្ជូនទំនិញ ការដឹកជញ្ជូនបញ្ចូលគ្នា និងពហុមធ្យោបាយដឹកជញ្ជូន

ឯកឧត្ដម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពីភស្តុភារពាណិជ្ជកម្ម៖ ហិរញ្ញវត្ថុពាណិជ្ជកម្ម លក្ខខណ្ឌស្តង់ដាពាណិជ្ជកម្មអន្តរជាតិ ឯកសារបញ្ជូនទំនិញ ការដឹកជញ្ជូនបញ្ចូលគ្នា និងពហុមធ្យោបាយដឹកជញ្ជូន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី ភស្តុភារពាណិជ្ជកម្ម៖ “ហិរញ្ញវត្ថុពាណិជ្ជកម្ម លក្ខខណ្ឌស្តង់ដាពាណិជ្ជកម្មអន្តរជាតិ ឯកសារបញ្ជូនទំនិញ ការដឹកជញ្ជូនបញ្ចូលគ្នា និងពហុមធ្យោបាយដឹកជញ្ជូន” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងសមាគមភស្តុភារកម្មកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៩ ខែឧសភា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម សមាជិកនៃសមាគមភស្តុភារកម្មកម្ពុជា ជាពិសេសបណ្តាក្រុមហ៊ុននាំចេញទំនិញចំនួន ៦៥នាក់ ស្រី២០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រតិភូអគ្គនាយក បានថ្លែងថា វគ្គបណ្តុះបណ្តាលជាស៊េរីទាំងនេះប្រព្រឹត្តទៅស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងកែលម្អវិស័យភស្តុភារកម្ម ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ មុំទី២ (ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក, វិស័យថាមពល,វិស័យទឹកស្អាត និងវិស័យឌីជីថល) ដែលផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងតំបន់ និងបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញ និងការសួរសំណួរឱ្យបានផុសផុល ព្រមទាំងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ។

មុននឹងបញ្ចប់ ឯកឧត្តមប្រតិភូអគ្គនាយក បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់លើការសិក្សារៀនសូត្រ និងចូលរួមពិភាក្សាអំពីករណីសិក្សាឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕