(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ២០២២ របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ លោកប្រធានវិទ្យាស្ថាន និង លោក-លោកស្រីមន្ត្រីវិទ្យាស្ថាន។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការរៀបចំរបាយការណ៍សមិទ្ធផលរបស់វិទ្យាស្ថានដែលសម្រេចបានក្នុង ៣ ត្រីមាសឆ្នាំ២០២២ និងដាក់ចេញទិសដៅសម្រាប់អនុវត្តនៅត្រីមាសទី ៤ និងទិសដៅសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៣ ។ អង្គប្រជុំពិភាក្សាលើការងារបោះពុម្ពផ្សាយព្រឹត្តិបត្រពាណិជ្ជកម្ម i-Trade Bulletin សម្រាប់លេខក្រោយៗទៀត និង ការសិក្សាស្រាវជ្រាវរបស់និស្សិត ការបណ្តុះបណ្តាល និងគម្រោងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលវិទ្យាស្ថានបានកំពុងអនុវត្តន៍។ លោកជំទាវប្រធានអង្គប្រជុំបានផ្តល់អនុសាសន៍ល្អសម្រាប់អនុវត្តបន្ត និងបានដំណោះស្រាយនានាបញ្ញាប្រឈមនានាវិទ្យាស្ថាន។
បន្ថែមពីនេះលោកជំទាវរដ្ឋលេខាធិការទទួលបន្ទុក បានជំរុញឱ្យវិទ្យាស្ថានខិតខំស្វែងរកដៃគូជាតិ និងអន្តរជាតិ បន្ថែមទៀត និង រៀបចំបណ្ណាល័យព្រមទាំងគេហទំព័ររបស់វិទ្យាស្ថានឱ្យបានកាន់តែឆាប់រហ័ស ដើម្បីវិទ្យាស្ថានអាចផ្តល់នូវព័ត៌មានទាក់ទងនឹងវគ្គបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងព័ត៌មានពាណិជ្ជកម្មជូនសាធារណជនទូទៅផងដែរ ដើម្បីជួយជំរុញនិងផ្តល់កិច្ចសហការ ក្នុងការជំរុញការងារបណ្តុះបណ្តាលនិងការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានបន្ថែមទៀត ។
គួរបញ្ជាក់ផងដែរថា ត្រឹម៩ខែ ឆ្នាំ២០២២ នេះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ បានរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាបានចំនួន១៧វគ្គ និងបានបោះពុម្ពផ្សាយព្រឹត្តិបត្រពាណិជ្ជកម្ម i-Trade Bulletin បានចំនួន ៩ លេខផងដែរ។