លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី “អនុលោមភាពឯកសារចុះបញ្ជីពន្ធដារ” ជូនអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម
…
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី “អនុលោមភាពឯកសារចុះបញ្ជីពន្ធដារ” ជូនអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងភ្នាក់ងារសេវាកម្មពន្ធដារជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះថា ការរៀបចំសិក្ខាសាលានេះទ្បើងក្នុងគោលបំណង ពង្រឹងតួនាទីរបស់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មទាំងអស់ តាមរយៈការពង្រឹងសមត្ថភាព និងការយល់ដឹងអំពីទំនាក់ទំនងអនុលោមភាពការងារចុះបញ្ជីពាណិជ្ជកម្ម និងអនុលោមភាពពន្ធដារ ព្រមទាំងអនុលោមភាពឯកសារចុះបញ្ជីពន្ធដារ ក្នុងដំណើរការចុះបញ្ជីពាណិជ្ជកម្មលើប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ជាពិសេស ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះ បែបបទ នីតិវិធី ឯកសារ និងលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចមានចែងក្នុងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធដទៃទៀត។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីចូលរួមជាវិភាគទានក្នុងសិក្ខាសាលាដ៏សំខាន់នេះ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានពិចារណាក្នុងការពង្រឹងការអនុវត្តតួនាទីផ្តល់សេវាចុះបញ្ជីពាណិជ្ជកម្ម ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត រួមមាន៖
១. ក្រុមការងារក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលដល់ក្រុមហ៊ុនធុរកិច្ច ម្ចាស់អាជីវកម្ម សហគ្រាស និងគ្រប់តួអង្គពាក់ព័ន្ធ អំពីច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធី បែបបទ ព័ត៌មាន និងឯកសារគាំទ្រចាំបាច់នានា សម្រាប់ការចុះបញ្ជី ពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពអ្នកតំណាងស្របច្បាប់ សំដៅធានាបាននូវអនុលោមភាពឯកសារការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ក៏ដូចជាការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នផ្សេងទៀត។
២. ក្រុមការងារក្រសួងពាណិជ្ជកម្ម ត្រូវពង្រឹងបន្ថែមទៀតនូវការងារគ្រប់គ្រង និងវាយតម្លៃ អ្នកតំណាងស្របច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត ជាពិសេស ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ បណ័្ណសម្គាល់ និងព័ត៌មានការងាររបស់អ្នកតំណាងស្របច្បាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាស ដែលខ្លួនជាអ្នកតំណាង ឱ្យបានទៀងទាត់ ចៀសវាងការក្លែងបន្លំ និងភាពមិនប្រក្រតី លើការអនុវត្តការងារចុះបញ្ជី។
៣. អ្នកតំណាងស្របច្បាប់ របស់ម្ចាស់សហគ្រាស-ក្រុមហ៊ុន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវព័ត៌មាននិងឯកសារដែលបានប្រកាស។ ក្នុងករណីរកឃើញថា ព័ត៌មាន ឬឯកសារដែលបានផ្តល់ព័ត៌មានការក្លែងបន្លំ ឬមិនពិត ឬបង្កកឯកសារ មិនផ្តល់ជូនសហគ្រាស-ក្រុមហ៊ុន ដែលបានប្រគល់សិទ្ធិ ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួកខ្លួន អ្នកតំណាងស្របច្បាប់នោះនឹងត្រូវបានដកហូតសិទ្ធិជាអ្នកតំណាងស្របច្បាប់ និងទទួលទោសប្បញ្ញតិ្ត ដូចមានចែងក្នុងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់និងបទប្បញ្ញត្តិជាធរមាន ដទៃទៀត។
៤. ដើម្បីចូលរួមជួយបញ្ចៀសនូវភាពមិនប្រក្រតី ឬការមិនមានអនុលោមភាព អ្នកតំណាងស្របច្បាប់ គួរគប្បីពិនិត្យលទ្ធភាពបញ្ជាក់ជាមួយបុគ្គលស្នើសុំអំពីកាតព្វកិច្ចរបស់បុគ្គលស្នើសុំនោះ ក្នុងការធានាអះអាង តាមទម្រង់អេទ្បិចត្រូនិក ថាព័ត៌មានស្នើសុំចុះបញ្ជី អាជីវកម្ម និងឯកសារភ្ជាប់ដែលខ្លួនបានបំពេញនិងបញ្ចូលក្នុងគេហទំព័រចុះបញ្ជី ពិតជាព័ត៌មាននិងឯកសារត្រឹមត្រូវនិងមិនក្លែងបន្លំ និង
៥. អ្នកតំណាងចុះបញ្ជី ត្រូវគោរពក្រមសីលធម៌វិជ្ជាជីៈរបស់ខ្លួនឱ្យមានភាពសុចរិត និងភាពស្មោះត្រង់។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញស្ដីពី “ទំនាក់ទំនងអនុលោមភាពការងារចុះបញ្ជីពាណិជ្ជកម្ម និងអនុលោមភាពពន្ធដារ” ដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងបទបង្ហាញស្ដីពី “អនុលោមភាពការចុះបញ្ជីពន្ធដារ” ដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ៕