(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡាយ សុខសៅគន្ឋា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការស្រាវជ្រាវ និងការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិសម្រាប់ការនាំចេញ” ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្រ្តីរាជការក្រសួងពាណិជ្ជកម្មចំនួន ៧៥នាក់។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ឡាយ សុខសៅគន្ឋា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជានៅតែអាចរក្សាបាននូវការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងជ្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដោយការនាំចេញនៅតែមានកំណើន តាមរយៈការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រនានា និងវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយដល់សហគ្រាសធុនតូចនិងមធ្យម រក្សាស្ថិរភាពផលិតកម្ម ប្រតិបត្តិការធុរកិច្ច និងការវិនិយោគ ក៏ដូចជារក្សាបាននូវការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី។ ដោយឡែក ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី យើងនៅតែអាចសម្រេចបានទំហំពាណិជ្ជកម្មល្អប្រសើរ ក្នុងនោះទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើត ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានចំនួន ២២,៤៨ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារអាម៉េរិក គឺមានការកើនឡើង ៤% ។
ដើម្បីជាឧត្តមប្រយោជន៍នៃការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពីលើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងបានធ្វើកំណែទម្រង់ជាច្រើនក្នុងការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ ជាពិសេសក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា និងស្របតាមការកែទម្រង់របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់ និងជាសាកល និងសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមសន្ធិសញ្ញា អនុសញ្ញា ឬកិច្ច ព្រមព្រៀងអន្តរជាតិ។
បានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម លើការចុះបញ្ជីពាណិជ្ជកម្ម៖ (១) ការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាដំណាក់កាលទី៣ និង (២) កំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។ បានទទួលពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម (ថ្មី) ចំនួន ៩.៨២៤ ពាក្យស្នើសុំ គឺមានការកើនឡើង ៣៧,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បានបន្ថែម CO ទម្រង់ផ្សេងៗទៀត ស្របតាមវិធានប្រភពដើមទំនិញនៃប្រទេសនាំចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមមាន៖ Form ANNEX សម្រាប់នាំចេញទៅទីផ្សារជប៉ុន, Form Chile សម្រាប់នាំចេញទៅទីផ្សារឈីលី, Form AHK សម្រាប់នាំចេញទៅទីផ្សារហុងកុង, Form RCEP សម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ាន អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់, FORM CCFTA សម្រាប់នាំចេញទៅកាន់ទីផ្សារចិន, និង Form CKFTA សម្រាប់នាំចេញទៅកាន់ទីផ្សារសាធារណរដ្ឋកូរ៉េ។
គួរកត់សម្គាល់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី “ការស្រាវជ្រាវនិងការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិសម្រាប់ស្វែងរកទីផ្សារនាំចេញ”បានផ្តល់ចំណេះដឹងដល់សិក្ខាកាមអាចស្វែងយល់អំពី៖
១-វិភាគនូវនិន្នាការនាំចេញបច្ចុប្បន្នរបស់ប្រទេសណាមួយដោយពិនិត្យមើលមុខទំនិញ-សេវាកម្មសក្ដានុពល ដោយបានកំណត់ចំនួនបរិមាណ ទំហំទឹកប្រាក់នៃទីផ្សារនាំចេញ បង្ហាញអំពីអត្រាកំណើននៃការនាំចេញ និងភាគរយនៃការកាន់កាប់ទីផ្សាររបស់ប្រទេសនាំចេញ។
២-វាយតម្លៃកម្រិតនៃការប្រកួតប្រជែងក្នុងទីផ្សារសកល៖ ប្រទេសដៃគូប្រកួតប្រជែងនៃការនាំចេញដូចគ្នា ការប្រកួតប្រជែងផលិតផលនាំចេញដូចគ្នា ដោយធ្វើការប្រៀបធៀបតម្លៃនៃការនាំចេញ និង បរិមាណ កំណើន និងការកាន់កាប់ចំណែកទីផ្សារនាំចេញ។
៣-ស្វែងយល់អំពីពន្ធនាំចូល ដែលត្រូវបានអនុវត្តដោយប្រទេសនាំចូលចំពោះផលិតផលជាក់លាក់ណាមួយដូចជា ព័ត៌មានអំពីអត្រាពន្ធដូចជា៖ អត្រាពន្ធគយMFN អត្រាពន្ធអនុគ្រោះត្រូវបាន អនុវត្តក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងតំបន់ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) និងទិដ្ឋភាពទូទៅស្តីពីលក្ខខណ្ឌនៃច្រកចូលទីផ្សារ ជាដើម។
៤-ស្វែងរកទីផ្សារផ្គត់ផ្គង់ថ្មី៖ ប្រទេសនាំចេញផលិតផលមួយទៅទីផ្សារពិភពលោក និងទៅកាន់ទីផ្សារគោលដៅជាក់លាក់ណាមួយ ដោយធ្វើការប្រៀបធៀបអ្នកផ្គត់ផ្គង់សក្តានុពល។
៥-ស្វែងយល់អំពីតម្រូវការនៃប្រទេសនាំចូលដូចជារបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មស្តង់ដារអនាម័យនិងភូតគាមអនាម័យ(SPS) អនុលោមភាពបទប្បញ្ញាត្តិបច្ចេកទេស និងវិធានដើមកំណើតទំនិញជាដើម។