(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងជាសក្ខីកម្មក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃក្រសួងការបរទេសហូឡង់។ ចូលរួមផងដែរមាន ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គនាយក លោកស្រី Judith Arends នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល CBI ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថាន TTRI សរុបប្រមាណ ៣០ នាក់។
ថ្លែងក្នុងកម្មវិធីបើក លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីនេះៗ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។
យោងទិន្នន័យផ្លូវការ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហូឡង់ មានទំហំទឹកប្រាក់ប្រមាណ ៤៩៩,៤១លានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ២០% លើទំហំទឹកប្រាក់ ៤១៥,៩៣លានដុល្លារ ក្នុងឆ្នាំ២០២១។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ក្រោយការចុះហត្ថលេខាលើ MoU នេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។ MoU នេះនឹងមានកិច្ចសហការលើគម្រោង ដូចជា៖ ១) គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣-២០២៨; ២) គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម; ៣)គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ; ៤) គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី; និង ៥) គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីការចុះ MoU ជាមួយមជ្ឍមណ្ឌល CBI, វិទ្យាស្ថាន TTRI ក៏បានចុះ MoU ជាមួយស្ថាប័នអន្តរជាតិមួយចំនួនថ្មីៗនេះ រួមមាន Team Synergy Co., Ltd និង វិទ្យាស្ថានសម្រាប់ពាណិជ្ជកម្មអន្តរជាតិ (ITD) ជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។