ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី និងប្រកាសបើក កម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម”
…
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម”។ សិក្ខាលាលានេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមស្បែកជើងកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធដទៃទៀត សរុបប្រមាណ ៣៥០រូប។
ថ្លែងក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១នេះ គឺជាកិច្ចអន្តរាគមន៍ដ៏ទាន់សភាពការណ៍មួយ បន្ថែមលើយន្តការផ្សព្វផ្សាយដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញនិងអនុវត្តនាពេលកន្លងមក។ សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីការបញ្ជ្រៀបការយល់ដឹង និងព័ត៌មានឱ្យដល់
វិស័យឯកជន ធុរកិច្ចជន ផលិតករ និងអ្នកនាំចេញ ក្នុងការចាប់យកកាលានុវត្តន៍ភាព និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ ក្រោយចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីលទ្ធផលការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន ERIA ដែលក្នុងនោះបានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២% ទៅ ៦,២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ទៅ ៣,៩% ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀងអាសិប ដែលមានលក្ខណៈសាមញ្ញនិងងាយបំពេញបានដូចនេះ នឹងជួយជំរុញកម្ពុជាធ្វើសមាហរណកម្មខ្លួនចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់កាន់តែឆាប់រហ័ស និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ គួបផ្សំនឹងវិធានដើមកំណើតដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែម និងការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ក៏នឹងក្លាយជាកម្លាំងចលករក្នុងការ ជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន, ជួយបង្វែរការវិនិយោគផ្ទាល់ពីបរទេសចេញពីប្រទេសសមាជិកអាសិបផ្សេងទៀតដែលមានថ្លៃពលកម្មខ្ពស់ ឱ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍នៃថ្លៃពលកម្មសមរម្យ និងកម្លាំងពលកម្មវ័យក្មេង ដែលកត្តាទាំងនេះនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និងការបង្កើនឱកាសការងារ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកនាំចេញ ឱ្យទាញផលប្រយោជន៍ជាអតិបរិមាពីសិក្ខាសាលានាថ្ងៃនេះ តាមរយៈការសាកសួរទៅកាន់មន្ត្រីជំនាញទទួលបន្ទុកផ្ទាល់ជុំវិញបញ្ហាបច្ចេកទេស និងនីតិវិធីក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អាសិប តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាបែបនេះបន្តទៀត តាមវិស័យអាទិភាពនីមួយៗនៅតាមបណ្តាខេត្ត-ក្រុងផ្ទាល់ ដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញផលិតផល ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតផងដែរ
សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល