វគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីស្តង់ដារអនាម័យ​ ភូតគាមអនាម័យ និងរបាំងបច្ចេកទេស​ពាណិជ្ជកម្ម

Share on facebook
Share on twitter
Share on email
Share on telegram

កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដែលរៀបចំ​ឡើងដោយវិទ្យាស្ថាន​បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកបណ្ឌិត នី វុទ្ធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង​ភូតគាមអនាម័យ​នៃអគ្គនាយកដ្ឋានកសិកម្ម លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លី លុច ប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និងបុគ្គលិកក្រុមហ៊ុនឯកជនសរុបចំនួន១០០នាក់។ថ្លែងក្នុងវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់ដឹងពីស្តង់ដារអនាម័យ ភូត្តគាមអនាម័យ និងស្តង់ដារបច្ចេកទេសពាណិជ្ជកម្ម ព្រោះវាជាចលករសំខាន់សម្រាប់ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ និងភូត្តគាមអនាម័យនេះផងដែរ។ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បានខិតខំចរចាទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។លោកជំទាវរដ្ឋលេខាធិការបន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន មានន័យថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែសេរីឡើងៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញនាំចូលឆ្លងកាត់ប្រទេសកម្ពុជាតាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។ កត្តាទាំងនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការលើកកម្ពស់ ស្តង់ដារអនាម័យ ភូតគាមអនាម័យ អនុលោមភាពបទបញាត្តិបច្ចេកទេស ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្របតាមស្តង់ដារ បទដ្ឋានអន្តរជាតិ ដើម្បីការពារសុខភាព មនុស្ស សត្វ រុក្ខាជាតិ និងអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានថ្លែងអំណរគុណចំពោះ វាគ្មិនដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងចែករំលែកនូវប្រធានបទដែលមាននៅក្នុងរបៀបវារៈរៀងៗខ្លួនផងដែរ។ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗនៃ មេរៀន និង អាចលើកជាសំនួរផ្សេងៗ ដើម្បីយកជាពុទ្ធិសម្រាប់ពង្រីកចំណេះដឹង ព្រមទាំងអាចចែករំលែកចំណេះដឹងដែលបានរៀនក្នុងសិក្ខាសាលានេះ ដល់សហការីរបស់ខ្លួន និងអាចយកទៅអនុវត្តលើការងារដែលខ្លួនជួបប្រទះប្រចាំថ្ងៃផងដែរ៕