លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤
…
(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលបានផ្តល់ឱកាសឱ្យសមាជិក សមាជិកាអង្គប្រជុំ ចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដោយលោកជំទាវរដ្ឋមន្ត្រីផងដែរ៕