(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អ៊ែន មូន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ រៀបចំឡើងដើម្បីពិភាក្សាអំពីកិច្ចពង្រឹង និងពង្រីកសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានឱ្យកាន់តែជិតស្និទ្ធ ជាពិសេសការលើកកម្ពស់ផ្នែកសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាណិជ្ជកម្ម សន្តិសុខស្បៀងសម្រាប់កម្ពុជា ស្តង់ដារគុណភាពផលិតផលសរីរាង្គ ការបង្កើតទីផ្សារលក់ដុំ និងតំបន់កែច្នៃអាហារ ការធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការស្រាវជ្រាវលើផលប៉ះពាល់នៃពាណិជ្ជកម្មបន្ទាប់ពីកម្ពុជាចាកចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាដើម។