(ភ្នំពេញ)៖ ព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ សហការជាមួយសមាគមភស្តុភារកម្មកម្ពុជាដោយមានការចូលរួមពីសិក្ខាកាម ដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តក្រុងទាំង២៥និងបុគ្គលិកក្រុមហ៊ុនឯកជន សរុបចំនួន៧០នាក់។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលានិងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥%ចំពោះទំនិញកសិកម្ម និង៣១%ចំពោះទំនិញឧស្សាហកម្ម នេះបង្ហាញថាវិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។
លោកជំទាវបានបន្តទៀតថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើង គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែងកែលម្អវិស័យភស្តុភារកម្ម ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ធាភិបាល ដែលបានផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងតំបន់។ ក្នុងឋានៈជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ានជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងដៃគូ ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាសិប និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (CCFTA and CKFTA) កម្ពុជាចាំបាច់ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យកាន់តែសំបូរបែប និងមានការគាំទ្រការអភិវឌ្ឍវិស័យភស្តុភារ និងឧស្សាហកម្មនៅកម្ពុជារួមមាន៖
១-ធ្វើបរិវត្កម្មប្រព័ន្ធដឹកជញ្ជូនឱ្យបានទូលំទូលាយ មានគុណភាពខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០៣០
២-ដើម្បីពង្រឹងសមាហរណកម្មតំបន់ក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈប្រព័ន្ធដឹកជញ្ជូនសម្បូរណ៍បែបនិងការតភ្ជាប់ខ្ពស់ក្នុងមហាអនុតំបន់មេគង្គ (GMS)
៣-ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មតាមរយៈបណ្តាញផលិតកម្មដ៏រឹងមាំ ធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូននិងមជ្ឈមណ្ឌលចែកចាយប្រសិទ្ធភាពខ្ពស់ និងការដឹកជញ្ជូនពហុមធ្យោបាយ ។
៤-ធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនិងការដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មអាកាសចរណ៍ស៊ីវិល។
៥-បង្កើនការប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្ម តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ពហុកម្ម និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។
លោកជំទាវក៏បានមានប្រសាសន៍ទៀតថា តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន អាកាសយាន្ដដ្នានអន្តរជាតិ កំពង់ផែ និងឃ្លាំងស្តុកទុកទំនិញ តាមប្រភពពីធនាគារពិភពលោក(WB) បានព្យាករណ៍ថានៅឆ្នាំ២០៣០ ការផ្លាស់ប្តូរទំនិញរបស់ក្រុមហ៊ុនកម្ពុជានឹងកើនឡើង ៤,១ដង ចំណែកការនាំចេញទំនិញមានទឹកប្រាក់ចំនួន ១០,១ ប៊ីលានដុល្លារនៅឆ្នាំ ២០១៦ នឹងកើនឡើងដល់ ៤១,៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ គឺកើនឡើង ៣១,៤ ប៊ីលានដុលារ។ តាមរយៈកំណើននេះ វិសយប្រពៃណីមួយចំនួនដូចជា អង្ករ កៅស៊ូ វិស័យវាយនណភ័ណ្ឌកាត់ដេរនឹងនៅតែបន្តរឹងមាំជាមួយ និងការពង្រីកការធ្វើពិពិធកម្មតម្លៃបន្ថែមកាន់តែខ្ពស់ ដោយប្រើប្រាស់ជំនាញកាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធិភាព ។ ចំណែកផលិតផលក្នុងស្រុកសរុបពីវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩២៧,៩៥ លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលមានចំនួនទឹកប្រាក់ចំនួន ៩០២,៧៧ លានដុល្លារ កើនឡើង ២៥,១៨ លានដុល្លារ ស្មើនិង ៣% នេះបើតាមស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិកម្ពុជា។
កត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការជាមួយសមាគមភស្តុភារកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យភស្តុភារកម្មនេះបានចំនួន ៦ វគ្គរួចមកហើយ ។