(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោកប្រធានវិទ្យាស្ថាន និង លោក-លោកស្រីមន្ត្រីវិទ្យាស្ថាន។
កិច្ចប្រជុំនេះផ្តោតសំខាន់លើរបាយការណ៍សមិទ្ធផលរបស់វិទ្យាស្ថានដែលសម្រេចបានក្នុង២០២២ និងទិសដៅសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៣។ អង្គប្រជុំពិភាក្សាបានវាយតម្លៃផែនការសកម្មភាពការងារដែលបានគ្រោងទុករបស់ការិយាល័យនីមួយៗ និងដែលបានអនុវត្តរួចហើយក្នុងឆ្នាំ២០២២និងលើកយកបញ្ហាប្រឈមបានជួបប្រទះកន្លងមកដោះស្រាយ។ ជាមួយគ្នានេះ លោកជំទាវប្រធានអង្គប្រជុំក៏បានពិនិត្យមើលផែនការសម្រាប់អនុវត្តប្រចាំឆ្នាំ ២០២៣ ដោយបានផ្តល់នូវអនុសាសន៍ល្អសម្រាប់អនុវត្តបន្ត និងបានផ្តល់នូវដំណោះស្រាយបញ្ហាប្រឈមនានារបស់វិទ្យាស្ថាន ព្រមជាមួយគ្នានេះដែល ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក៏បានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់អនុវត្តបន្តផងដែរ។
លោកជំទាវរដ្ឋលេខាធិការទទួលបន្ទុក បានឱ្យវិទ្យាស្ថានរៀបចំផែនការសម្រាប់អនុវត្តដោយប្រើប្រាស់ថវិកាជាតិ និងគម្រោងដែលត្រូវអនុវត្តដោយប្រើប្រាស់ថវិកាពីដៃគូអភិវឌ្ឍន៍ ពិនិត្យមើលការងារអាទិភាពដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៣ និងត្រៀមរៀបចំផែនការយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់វិទ្យាស្ថានសម្រាប់រយៈពេល០៥ឆ្នាំខាងមុខពីឆ្នាំ ២០២៣-២០២៨។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ នេះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ បានរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាចំនួនសរុប២៤ វគ្គ ដែលមានចំនួនអ្នកចូលរួមសរុប ២.១៣៦នាក់ (ស្រី៨៤៥នាក់) និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Team Synergy Resources Co., Ltd និងមជ្ឈមណ្ឌល CBI នៃប្រទេសហូឡង់ និងបានបោះពុម្ពផ្សាយព្រឹត្តិបត្រពាណិជ្ជកម្ម i-Trade Bulletin បានចំនួន ១២លេខផងដែរ។