(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្មក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO)៖ ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ” សហការរៀបចំដោយក្រសួងពាណិជ្ជកម្មដែលមានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក្រោមជំនួយបច្ចេកទេសពីអង្គការពាណិជ្ជកម្មពិភពលោក ដោយមានការចូលរួមពីមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការទទួលបន្ទុកចរចាពាណិជ្ជកម្មសេវាកម្មពីអន្តរក្រសួងចំនួន១៥ និងវិស័យឯកជនពាក់ព័ន្ធ សរុបចំនួន ៨០ នាក់ ដែលសិក្ខាសាលាខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ដល់៣០ ខែមីនា ឆ្នាំ២០២៣ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានមន្ត្រីរាជការទទួលបន្ទុកចរចាដែលអញ្ជើញមកពីអន្តរក្រសួងដែលធ្លាប់ចូលរួមក្នុងការចរចាជាមួយគ្នា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះការបន្តគាំទ្រ និងជំនួយបច្ចេកទេសដើម្បីឱ្យកម្ពុជាអាចបង្កើនការធ្វើសមាហរកម្មរបស់ខ្លួនក្នុងពាណិជ្ជកម្មតំបន់ និងសកល។ ថ្លែងក្នុងពិធីបើកឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖
១) ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន ១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ។
២) ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្មនៅពេលចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។ បន្ទាប់មកទៀតការចូលជាសមាជិកពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹកជញ្ជូន។
៣) ដើម្បីបង្កើនលំហូរសេរីនៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី ១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់ខ្លួនកាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ កម្ពុជាមិនបានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មលើសពីកម្រិតអង្គការពាណិជ្ជកម្មរបស់ខ្លួនទេ ខណៈពេលដែលមានតែអនុវិស័យថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបើកដោយមានកម្រិតនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងតំបន់អាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ។
៤) ពាណិជ្ជកម្មសេវាកម្មគឺមានសារសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។ ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិរបស់យើង។
គួរកត់សម្គាល់ផងដែរថា សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលបំណង៖
១) ពង្រឹងសមត្ថភាព និងជំនាញរបស់មន្ត្រីរដ្ឋាភិបាល/មន្ត្រីទទួលបន្ទុកចរចាពាណិជ្ជកម្មពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងកិច្ចចរចាពាណិជ្ជកម្មសេវាកម្ម
២) ដើម្បីបំពាក់បំប៉នវិស័យឯកជននូវចំណេះដឹងជាមូលដ្ឋាន និងការយល់ដឹងអំពីផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗនៃពាណិជ្ជកម្មសេវាកម្ម ដើម្បីឱ្យវិស័យឯកជន អាចយល់កាន់តែច្បាស់អំពីកាលានុវត្តភាពច្រកចូលទីផ្សារពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញអាជីវកម្ម និងការវិនិយោគរបស់វិស័យឯកជន
៣) ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតទាំងផ្នែកសាធារណៈ និងឯកជនអំពីតួនាទីសំខាន់នៃ ពាណិជ្ជកម្មសេវាកម្ម និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍរបស់វិស័យសេវាកម្ម។