សិក្ខាសាលាស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមតាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា

Share on facebook
Share on twitter
Share on email
Share on telegram

(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការ ជាមួយ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការអភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម តាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា” នៅក្នុងសាល ប្រជុំបណ្ណាល័យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការ មកពីមន្ទីរជុំវិញខេត្ត ម្ចាស់សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ និងនិស្សិត សរុប ប្រមាណ១១០នាក់។

ជាកិច្ចចាំផ្តើម លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានថ្លែងអំណរ គុណជូន ចំពោះ វិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួង ពាណិជ្ជកម្ម ដែល បានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាគណៈអធិបតី និងវាគ្មិន ក្នុងវគ្គបណ្តុះ បណ្តាលខាងលើនេះ។ លោកប្រធានមន្ទីរ បានលើកឡើងថា ក្នុងខេត្ត កំពង់ស្ពឺ មានក្រុមហ៊ុន-សហគ្រាសសរុបចំនួន ៤៧៦ ដែលកំពុង មានសកម្មភាព យ៉ាងសកម្ម​ និងជាខេត្តមួយបានផលិតនូវផលិតផល សក្តានុពលសម្រាប់ នាំចេញមាន ជាអាទិ៍ ស្ករអំពៅ ស្រូវ អង្ករ ស្វាយកែវរមៀត និង ជាពិសេសគឺផលិតផល ស្ករត្នោត ដែល ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។

បន្ទាប់មក ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ បានលើកឡើងថា វិស័យ ពាណិជ្ជកម្មក្នុងខេត្តមានភាពរីកចម្រើនដោយសារតែ មានការយកចិត្តទុកដាក់ពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំ ប្រឹងប្រែងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកធ្វើការវិនិយោគនៅក្នុងខេត្ត ដែលធ្វើឲ្យប្រជាពល រដ្ឋទទួលបានការងារធ្វើ ចំណូលសមរម្យ និងមានការអភិវឌ្ឍ ក្នុងមូលដ្ឋានទៀតផង។ ឯកឧត្តម បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីជាទូទៅទាក់ទង នឹងកម្មសិទ្ធិបញ្ញា តួយ៉ាង ការយល់ដឹងពីម៉ាក ពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ប្រកាស នីយបត្រតក្កកម្ម គំនូសឧស្សាហកម្ម ម៉ូដែលដែលមានអត្ថប្រយោជន៍ ម៉ាកសម្គាល់ ភូមិសាស្រ្ត ការប្រកួតប្រជែងមិនស្មោះត្រង់ ដែលជួយជម្រុញ និងអភិវឌ្ឍសហគ្រាស ធុនតូចនិងមធ្យមនៅក្នុងខេត្ត។

ក្នុងឱកាសថ្លែងបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តបានបង្ហាញពីភូមិសាស្រ្តខេត្តកំពង់ស្ពឺ ភាពរីកចម្រើនរបស់ខេត្ត ចំនួននៃរោងចក្រ ក្រុមហ៊ុន សហគ្រាស និង តំបន់សក្តានុពលក្នុង ខេត្តជូនសិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងជម្រុញឲ្យសិក្ខាកាមទាំងអស់ទទួល បាននូវពុទ្ធិថ្មីៗ និងមានគំនិតច្នៃប្រឌិតកាន់ខ្ពស់ ដើម្បីបង្កើនគុណភាព អាជីវកម្មកាន់តែ ប្រសើរ តាមរយៈការចុះបញ្ជីម៉ាក ដោយធ្វើឲ្យផលិតផលរបស់ខ្លួនមានម៉ាកច្បាស់លាស់ និងញែកដាច់ពី ផលិតផលរបស់ ក្រុមហ៊ុន សហគ្រាសផ្សេងៗចៀសវាងការលួច បន្លំម៉ាក និងការប្រកួតប្រជែងមិនស្មោះត្រង់។ល។
អត្ថបទដោយៈ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ