(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តមឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ2020 ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងសមាគមភស្តុភារកម្មកម្ពុជាតាមប្រព័ន្ធវីដេអូZoom ដោយមានការចូលរួមពីសំណាក់ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ញាន សុកុល វាគ្មិនកិត្តិយសនៃសមាគមភស្តុភារកម្មកម្ពុជា ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និងបុគ្គលិកក្រុមហ៊ុនឯកជនសរុបចំនួន១៦៩នាក់។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថាសិក្ខាសាលានេះត្រូវបានគេអនុវត្ត និងត្រូវបានណែនាំឲ្យប្រើប្រាស់ជាលើកដំបូងដោយសភាពាណិជ្ជកម្មអន្តរជាតិ ICC ក្នុងឆ្នាំ 1936 ដោយបានបង្កើតនិយមន័យ និងវិធានពាណិជ្ជកម្មរួម ទាក់ទងនឹងការដឹកជញ្ជូនទំនិញរវាងដៃគូពាណិជ្ជកម្មទូទាំងពិភពលោក។ ចាប់តាំងពីពេលនោះមកសភាពាណិជ្ជកម្មអន្តរជាតិ ICC បានកែប្រែច្បាប់លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ (Incoterms) ជាទៀងទាត់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ (Incoterms 2020) ត្រូវបានបោះពុម្ពឡើងនៅឆ្នាំ2020 ដើម្បីរំលឹកអំពីខួប១០០ ឆ្នាំរបស់សភាពាណិជ្ជកម្មអន្តរជាតិ ICC (1919-2020)។ “លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ Incoterms 2020 បានសម្រួលដល់ការធ្វើអាជីវកម្មឲ្យមានដំណើរការដែលមានទំហំទឹកប្រាក់ពាន់ពាន់លានដុល្លារ (trillions of dollars in global trade annually) ក្នុងពាណិជ្ជកម្មពិភពលោកជារៀងរាល់ឆ្នាំ ពីព្រោះវាបានជួយអ្នកនាំចូល និងអ្នកនាំចេញជុំវិញពិភពលោកឲ្យយល់ពីទំនួលខុសត្រូវរបស់ពួកគេ និងជៀសវាងការយល់ច្រឡំ វិធានពាណិជ្ជកម្មអន្តរជាតិបង្កើតជាប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ និងជួយបង្កើតទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មសកលដ៏មានតម្លៃរបស់យើង”។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងសមាគមភស្តុភារកម្មកម្ពុជា(CLA) សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងកំពុងរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើក្របខ័ណ្ឌអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ការចុះកម្មសិក្សានិងការលើកកម្ពស់ការយល់ដឹងលើវិស័យពាណិជ្ជកម្ម និងភស្តុភារកម្មនៅកម្ពុជា។ជាទីបញ្ចប់ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗនៃ មេរៀន និង អាចលើកជាសំនួរផ្សេងៗផងដែរ ដើម្បីយកជាពុទ្ធិសម្រាប់ពង្រីកចំណេះដឹងផ្ទាល់ខ្លួន ព្រមទាំងអាចចែករំលែកចំណេះដឹងដែលបានរៀនក្នុងរយៈពេលមួយថ្ងៃពេញនេះ ដល់សហការីរបស់ខ្លួន និង អាចយកទៅអនុវត្តលើការងារដែលខ្លូនជួបប្រទះប្រចាំថ្ងៃផងដែរ។ គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការការជាមួយសមាគមភស្តុភារកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យភស្តុភារកម្មបានចំនួន៦ វគ្គរួចមកហើយ៕