វគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” នៅទីស្តីការក្រសួងពាណិជ្ជកម្ម

Share on facebook
Share on twitter
Share on email
Share on telegram

(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វិទ្យាស្ថាន​បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាន​នាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ចាប់ពីថ្ងៃទី ១២ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្តីការក្រសួង​ពាណិជ្ជកម្មដែល​មានសិក្ខាកាម ចូលរួមសរុបចំនួន ៣០ នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនរោង ចក្រ សហគ្រាស ។ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលពិសេសនេះ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពិសេសនេះត្រូវបានរៀបចំដែលមានចំនួនតែ ២៥ នាក់ក្នុង១ថ្នាក់ ដោយរក្សាគំលាតរវាងសិក្ខាកាមម្នាក់ទៅម្នាក់ ឲ្យស្របតាម​សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលកន្លងមក ដែលវគ្គនេះមក​យើងបានរៀបចំនួនប្រមាណ៧០ នាក់ក្នុង១វគ្គ ។ គោលបំណងនៃការបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹងយ៉ាងពិតប្រាកដ​ដើម្បីពង្រឹងសមត្ថភាពដល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារ នាំចេញ-នាំចូល របស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនានាឱ្យកាន់តែប្រសើជាងមុន យល់ដឹងពីអត្ថប្រយោជនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីទាញយកប្រយោជពីកិច្ចព្រមព្រៀងទាំងនោះ។ឯកឧត្តមបានបន្ថែមទៀតថាវគ្គបណ្តុះបណ្តាលពិសេសនេះជាយន្តការនៃការបង្កើនចំណេះក្នុងការអនុវត្តច្បាប់ បទ ប្បញ្ញត្តិផ្សេងៗទាក់ទងនឹងនីតិវិធីនៃការនាំចេញ-នាំចូល យល់ដឹងអំពីវិធានដើមកំណើតទំនិញ ការបំពេញបែបបទនាំចេញនាំចូល​និងឯកសារ​តម្រូវនានា ដើម្បីស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភព​ដើមទំនិញ(CO)តាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ឱ្យស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មក៏បានធ្វើប្រតិភូកម្មដោយអនុញ្ញាតឲ្យមន្ទីរពាណិជ្ចកម្មខេត្តជាប់ព្រំដែនចំនួន ១៦មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី ដើម្បីនាំ​ចេញ​កសិផលទៅតំបន់អាស៊ាន និងបានធ្វើប្រតិភូកម្មឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មានសិទ្ធិអំណាចក្នុង​ការរៀបចំពិព័រណ៍នៅតាមខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម មានសិទ្ធិចេញលិខិតអនុញ្ញាតឲ្យប្រកបមុខរបរលោហៈធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ។សូមគូសបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម បាន​រៀបចំវគ្គបណ្តុះបណ្តាលខាងលើ បានចំនួន ១២ វគ្គ រួចមកហើយ នៅ​ទីស្តី​ការក្រសួងពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ដោយមានសិក្ខាកាមប្រលង​ជាប់​ជាស្ថាពរសរុបចំនួន ៥១៥ នាក់។ វិទ្យាស្ថាន និងនាយកដ្ឋាននាំចេញនាំចូល​នឹងបន្តរៀប​ចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពភ្នាក់ងារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម និងតាមបណ្តាតំបន់​សេដ្ឋកិច្ច​ពិសេសសំខាន់ៗ ជាបន្តបន្ទាប់ទៀតទៅតាមផែនការ។

អត្ថបទដោយៈ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ