(ខេត្តព្រះសីហនុ)៖ ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី “ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម តាមរយៈ ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា” នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រោម អធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត នឹងមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការមក ពីមន្ទីរជុំវិញខេត្ត ម្ចាស់សហគ្រាស អាជីវករ សេវាករ ពាណិជ្ជករ និងនិស្សិត សរុប ប្រមាណ៨០នាក់។
ជាកិច្ចចាំផ្តើម លោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានថ្លែង អំណរគុណជូនចំពោះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និង ស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញធ្វើជាគណៈអធិបតី និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ។ លោកប្រធានមន្ទីរ បានលើកឡើងថា ខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា និងទទួល បានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសកំណើនវិនិយោគិនចិន ដែលបានកំពុងបោះទុនវិនិយោគយ៉ាងសកម្មនៅខេត្តនេះ។
បន្ទាប់មក ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន វិទ្យាស្ថាន បណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ បានលើកឡើងថា វិស័យពាណិជ្ជកម្ម ក្នុងខេត្តមានភាពរីកចម្រើនខ្លាំង ដោយក្នុងនោះ ខេត្តព្រះសីហនុមាន កំណើន វិនិយោគិនក្នុងស្រុក និង បរទេស ដែលបានកំពុងវិនិយោគយ៉ាងសកម្ម នៅក្នុងខេត្ត នេះ។ ឯកឧត្តម សួន វិជ្ជា បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងភាពរីកចម្រើននេះ ម្ចាស់ក្រុមហ៊ុន សហគ្រាស ត្រូវយល់ដឹងឲ្យបានច្បាស់នូវច្បាប់កម្មសិទ្ធិបញ្ញា តួយ៉ាង ការយល់ដឹងពីម៉ាក ពាណិជ្ជនាម សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម វិញ្ញាបនបត្រម៉ូដែល ដែលមាន អត្ថប្រយោជន៍ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និង ការប្រកួតប្រជែងមិនស្មោះត្រង់ ដែលជួយជម្រុញនិងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ក្នុងឱកាសថ្លែងចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង និងជាតំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីភូមិសាស្រ្ត ខេត្ត ព្រះសីហនុ ភាពរីកចម្រើនរបស់ខេត្ត ចំនួននៃរោងចក្រ ក្រុមហ៊ុន សហគ្រាស និង តំបន់សក្តានុពលក្នុងខេត្តជូនសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងជម្រុញឲ្យសិក្ខាកាមទាំងអស់ទទួល បាននូវពុទ្ធិថ្មីៗ និងមានគំនិតច្នៃប្រឌិតកាន់ខ្ពស់ ដើម្បីបង្កើនគុណភាពអាជីវកម្មកាន់តែប្រសើរតាមរយៈការចុះបញ្ជីម៉ាក ដោយធ្វើឲ្យផលិតផលរបស់ខ្លួនមានម៉ាកច្បាស់លាស់ និងញែកដាច់ពីផលិតផលរបស់ ក្រុមហ៊ុនសហគ្រាសផ្សេងៗ ចៀសវាងការលួចបន្លំម៉ាក និងការប្រកួតប្រជែងមិនស្មោះត្រង់។ល។
អត្ថបទដោយៈ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ