លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង”

Share on facebook
Share on twitter
Share on email
Share on telegram

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង”ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា តំណាងស្ថានទូត និងអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា សម្រាប់ជំនួយគាំទ្រដ៏ជាប់លាប់ ជាពិសេសតាមរយៈមូលនិធិភាពជាដៃគូរបស់អង្គការសហប្រជាជាតិសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) ក្នុងជួយជ្រោមជ្រែងដល់ការរៀបចំផែនទីបង្ហាញផ្លូវនះទ្បើង។ លោកជំទាវរដ្ឋមន្រ្តីបានគូសបញ្ជាក់ថាផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្មដែលផ្តោតលើការលើកកម្ពស់ការអនុវត្តពាណិជ្ជកម្មប្រកបដោយចីរភាព ការដំទ្បើងកម្រិតខ្សែច្រវាក់តម្លៃ និង   ការធានាបាននូវច្រកចូលទីផ្សារសម្រាប់ការនាំចេញផលិតផលកម្ពុជា។

ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការថ្លឹងថ្លែងឱ្យមានតុល្យភាពដោយការប្រុងប្រយ័ត្ន រវាងវិស័យអាទិភាពរយៈពេលខ្លី ជាមួយនឹងចីរភាពរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេស ទន្ទឹមនឹងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការប្រឈមនឹងការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ការអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកល តម្រូវឱ្យកម្ពុជា រៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ នវានុវត្តន៍ និងការសម្លឹងឆ្ពោះទៅមុខ ជាពិសេស ស្របពេលដែលពិភពលោកកំពុងឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។

លោកជំទាវរដ្ឋមន្រ្តី បន្តថា ការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន ដែលនឹងធានាបានថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ក្នុងសេដ្ឋកិច្ចសកលប្រកបដោយថាមវន្តនិងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីបាន ផ្តល់ការណែនាំមួយចំនួនសម្រាប់ពិចារណាក្នុងការបំពេញដល់ផែនទីបង្ហាញផ្លូវនេះដោយផ្តោតលើ ការអនុលោមតាមនិងមានសង្គតិភាពជាមួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់និងការអនុវត្តនូវវិធានពាណិជ្ជកម្មសកល, តួនាទីសំខាន់នៃយន្តការភាពជាដៃគូសាធារណៈនិងឯកជនក្នុងការលើកកម្ពស់ការវិនិយោគឯកជន និងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ,  ភាពជាម្ចាស់ដ៏រឹងមាំរបស់រដ្ឋាភិបាល និងអភិបាលកិច្ចប្រកប ដោយប្រសិទ្ធភាពនៃគម្រោងទាំងនេះ និងកិច្ចសហការនិងកិច្ចសម្របសម្រួលក្នុងស្មារតីស្ថាបនាជាមួយដៃគូអភិវឌ្ឍន៍, ការកសាង និងអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការចូលរួមរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងខ្សែច្រវាក់តម្លៃសកល, និងសង្គតិភាពនិងការបន្ស៊ីគ្នាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានស្រាប់ និងគ្រោងនឹងដាក់ចេញ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ដើម្បីធានាបានថា ផែនទីបង្ហាញផ្លូវនេះ មានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងស្របតាមបរិបទ និងគោលបំណងរបស់កម្ពុជា។