ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា”

ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា”

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមសា ឆ្នាំ២០២៥ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មនៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់២៩ ខែមេសា ឆ្នាំ២០២៥ និងសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសបណ្តាក្រុមហ៊ុននៅតំបន់សេដ្ឋពិសេសនៅខេត្តព្រះសីហនុ ជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង (១)ផ្តល់ចំណេះដឹង និងជំនាញវិធានដើមកំណើតទំនិញ និងនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា ក្នុងបរិបទនៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច និងពង្រឹងសមត្ថភាពអ្នកចរចា ព្រមទាំងការប្រើប្រាស់ភាពអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយក្រុមហ៊ុននាំចេញ-នាំចូល និង(២) បង្កើតកិច្ចសន្ទនាសាធារណៈនិងឯកជនប្រកបដោយភាពស្ថាបនានៃការចរចា និងការអនុវត្តវិធានដើមកំណើតទំនិញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញ និងចូលរួមក្នុងការពិភាក្សាលើករណីសិក្សា ការសួរសំណួរឱ្យបានផុសផុល ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕