ពិធីបើកវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល”

Share on facebook
Share on twitter
Share on email
Share on telegram

(ខេត្តព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និង ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និង នាយកដ្ឋាននាំចេញ-នាំចូល ព្រមទាំងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី បុគ្គលិករបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សរុបចំនួន ៦០នាក់។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ឡាយ សុខសៅគន្ធា បានមានប្រសាសន៍ថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ និងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា្នក់តំបន់ជាច្រើនដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ អាស៊ាន-ចិន (ACFTA) អាស៊ាន-កូរ៉េ (AKFTA) អាស៊ាន-ជប៉ុន (AJCEP) អាស៊ាន-អូស្រ្តាលី នូវែលសេឡង់ (AANZFTA) អាស៊ាន-ឥណ្ឌា (AIFTA)។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានចូលជាធរមាននៅថ្ងៃទី១មករាឆ្នាំ ២០២២ កន្លងទៅនេះ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី១ របស់កម្ពុជា ចំណែកឯកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ដែលធំបំផុត ដែលមានវិសាលភាពប្រកបដោយថាមវន្ត ដែលមានសមាជិកចំនួន១៥ប្រទេស (ដែលតំណាងឱ្យប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក គិតត្រឹមឆ្នាំ២០១៩) និងគ្របដណ្តប់លើ២០ជំពូកដែលមានលក្ខណៈទំនើប (ពីពាណិជ្ជកម្មទំនិញ វិធានដើមកំណើត ពាណិជ្ជកម្មសេវាកម្ម វិធានអនាម័យនិងភូតគាមអនាម័យ ដល់ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនិតិវិធីវាយតម្លៃអនុលោមភាព Standards, Technical Regulations and Conformity Assessment Procedures (STRACAP) ជាដើម។ តាមរយៈកិច្ចព្រមព្រៀងនេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានព្យាករណ៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ កម្ពុជានឹងមានកំណើននាំចេញពីចន្លោះ ៩.៤% ទៅ ១៨%, កំណើនផលិតផលក្នុងស្រុកសរុបពីចន្លោះ ២% ទៅ ៣.៨%, កំណើនការងារពីចន្លោះ ៣.២% ទៅ ៦.២%, និងកំណើនចំណូលពន្ធ ពីចន្លោះ ២% ទៅ ៣.៩% ដែលគំហើញនេះ បានញ៉ាំងឱ្យកិច្ចព្រមព្រៀងនេះកាន់តែមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់កម្ពុជា។

ជាទីបញ្ចប់ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាលខាងលើនឹងអាចជួយពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នីតិវិធីស្នើសុំ និងផ្តល់ឯកសារនាំចេញ-នាំចូលឱ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការពង្រឹងសមត្ថភាពដល់វិស័យឯកជន ក៏ដូចជា កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសុក្រិតភាព និងតម្លាភាព។

គួរកត់សម្គាល់ផងដែរថា ក្រោយបញ្ចប់ការសិក្សា និងប្រលងជាប់ជាស្ថាពរ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីអាចស្នើសុំឱ្យមានការទទួលស្គាល់ជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្មបាន៕