វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម រួមសហការជាមួយ សមាគមភ្នាក់ងារដឹកជញ្ជូនកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការបញ្ជូនទំនិញតាមផ្លូវសមុទ្រ” ចាប់ពីថ្ងៃព្រហស្បត្តិ៍ដល់សុក្រ ៤-៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦-០៧ ខែមិថុនា ឆ្នាំ២០១៩ ដែលមានមន្ត្រីរាជការក្រសួងពាណិជ្ជកម្មចូលរួមសរុបចំនួន៧០នាក់ ស្រីចំនួន២៥នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងពីធីបិទវគ្គបណ្តុះបណ្តាលនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថាន បណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ ឯកឧត្តម បានលើកឡើង ថាវគ្គ បណ្តុះបណ្តាល នេះរៀបចំឡើងដើម្បីបំពេញ ភាពខ្វះខាតរបស់មន្ត្រី រាជការក្រសួង ពាណិជ្ជកម្ម និងចែករំលែកចំណេះដឹងក៏ដូចជា បទពិសោធន៍ល្អៗជូនមន្ត្រីរាជការ ឱ្យយល់ដឹងកាន់តែច្បាស់អំពី វិស័យដឹកជញ្ជូនទំនិញនិងវិស័យនាំចេញ នាំចូល ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជា ការយល់ដឹងពីបទប្បញ្ញតិពាណិជ្ជកម្ម នីតិវិធី នៃការនាំចេញ-នាំចូល លក្ខខណ្ឌច្បាប់ពាណិជ្ជកម្មអន្តរជាតិ(incoterms) ជាពិសេសនីតិវិធីនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មក្រោម ការដឹកនាំ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹង ប្រែងយ៉ាង សកម្ម ក្នុងការជួយជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចំរើន ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម តាមរយ:ការបង្កើតច្បាប់ពាណិជ្ជកម្មនានា ការពង្រឹង ប្រសិទ្ធិភាពនៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ការចរចាដើម្បីទទួលបានអនុគ្រោះ ពាណិជ្ជកម្មពី បរទេសដើម្បីទាក់ទាញអ្នកវិនិយោគ ។
ជាលទ្ធផលក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមបានសង្ឃឹមយ៉ាង មុតមាំ ថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដ៏មានសារៈសំខាន់ដែលទទួលបាន រយ:ពេលពីរថ្ងៃនេះ ទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញការងារ ធ្វើជាអ្នកប្រឹក្សា យោបល់រាល់ចម្ងល់ផ្សេងៗរបស់អ្នកវិនិយោគ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។