ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ជាមួយនឹងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃប្រទេសហូឡង់

Share on facebook
Share on twitter
Share on email
Share on telegram

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងជាសក្ខីកម្មក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃក្រសួងការបរទេសហូឡង់។ ចូលរួមផងដែរមាន ឯកឧត្តមអនុរដ្ឋលេខាធិការ  ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គនាយក លោកស្រី Judith Arends នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល CBI ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថាន TTRI សរុបប្រមាណ ៣០ នាក់។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីនេះៗ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។

យោងទិន្នន័យផ្លូវការ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហូឡង់ មានទំហំទឹកប្រាក់ប្រមាណ ៤៩៩,៤១លានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ២០% លើទំហំទឹកប្រាក់ ៤១៥,៩៣លានដុល្លារ ក្នុងឆ្នាំ២០២១។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា ក្រោយការចុះហត្ថលេខាលើ MoU នេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។ MoU នេះនឹងមានកិច្ចសហការលើគម្រោង ដូចជា៖ ១) គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣-២០២៨; ២) គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម; ៣)គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ;  ៤) គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី; និង ៥) គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីការចុះ MoU ជាមួយមជ្ឍមណ្ឌល CBI, វិទ្យាស្ថាន TTRI ក៏បានចុះ MoU ជាមួយស្ថាប័នអន្តរជាតិមួយចំនួនថ្មីៗនេះ រួមមាន Team Synergy Co., Ltd និង វិទ្យាស្ថានសម្រាប់ពាណិជ្ជកម្មអន្តរជាតិ (ITD) ជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។