ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ

Share on facebook
Share on twitter
Share on email
Share on telegram

ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។

ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប។

ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។

ចំពោះ លោក លោកស្រី តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh